Acts 20

1ក្រោយពីចលាចល​នេះ​បាន​ស្ងប់​ស្ងាត់​ហើយ​លោក​ប៉ូលក៏ហៅ​ពួក​សិស្សមក​ពេល​គាត់​លើក​ទឹកចិត្ត​ពួកគេ​រួច​គាត់​ក៏​ជម្រាបលា​ពួកគេ​ហើយ​ចេញដំណើរទៅ​ស្រុក​ម៉ាសេដូន 2ពេលគាត់​ធ្វើ​ដំណើរ​កាត់​តាមតំបន់ទាំងនោះ​គាត់​បាន​លើកទឹកចិត្ដ​ដល់​ពួក​អ្នកជឿ​ដោយ​ពាក្យសំដីជាច្រើន​រួច​គាត់​ក៏​មកដល់​ស្រុក​ក្រេក 3ហើយគាត់​បាន​រស់នៅ​ទីនោះ​អស់​រយៈ​ពេល​បីខែ​ពេល​គាត់​បម្រុងចុះសំពៅទៅ​ស្រុក​ស៊ីរី​ជនជាតិ​យូដាមានផែនការអាក្រក់​ចំពោះ​គាត់​ដូច្នេះ​គាត់​បានសម្រេចចិត្ដបកក្រោយកាត់តាម​ស្រុក​ម៉ាសេដូនវិញ 4ហើយលោក​សូប៉ាត្រុស​អ្នកក្រុង​បេរា​ជា​កូន​លោក​ពីរូសនិង​លោក​អើរីស្ដាក​និង​លោក​សេគុនដុស​ជា​អ្នកក្រុង​ថែស្សាឡូនីច​លោក​កៃយុស​និង​លោក​ធីម៉ូថេ​ជា​អ្នកក្រុង​ឌើបេព្រមទាំង​លោក​ទីឃីកុសនិង​លោក​ទ្រភីម​ជា​អ្នកស្រុកអាស៊ីបាន​រួម​ដំណើរ​ជាមួយគាត់ 5ប៉ុន្ដែបងប្អូន​ទាំងនេះ​បាន​ទៅ​ក្រុង​ទ្រអាសរង់ចាំយើងមុន 6រីឯយើងវិញនៅក្រោយថ្ងៃ​បុណ្យ​នំប៉័ងឥតមេក៏ជិះសំពៅចេញពី​ក្រុង​ភីលីព។ ​អស់រយៈពេលប្រាំថ្ងៃ​យើង​ក៏មកជួបពួកគេនៅ​ក្រុង​ទ្រអាស​ហើយ​ស្នាក់នៅទីនោះប្រាំពីរថ្ងៃ 7លុះនៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​នោះ​ពេល​យើងជួបជុំគ្នា​ធ្វើ​ពិធី​កាច់នំប៉័ង​លោក​ប៉ូល​បាន​អធិប្បាយ​ទៅ​កាន់​ពួកគេ។ ​ដោយព្រោះ​គាត់​បម្រុងចាកចេញនៅថ្ងៃបន្ទាប់​គាត់​ក៏បន្ដអធិប្បាយរហូតដល់ពាក់​កណ្ដាល​អធ្រាត្រ 8នៅបន្ទប់​ជាន់​ខាង​លើដែលយើងជួបជុំគ្នា​នោះ​មាន​ភ្លើង​ចង្កៀងជាច្រើន 9មានយុវជនម្នាក់ឈ្មោះអើទីកុស​កំពុង​អង្គុយលើ​មាត់​បង្អួច​ពេល​លោក​ប៉ូលអធិប្បាយយ៉ាងយូរ​យុវជន​នោះ​ងងុយ​ដេក​ជាខ្លាំង​ហើយ​គាត់​ក៏​លង់លក់ទៅ​រហូត​ទាល់តែ​ធ្លាក់ពី​ជាន់​ទីបីមក​ពេល​គេ​លើក​គាត់​ឡើង​គាត់​បាន​ស្លាប់​ហើយ។ 10លោកប៉ូល​បាន​ចុះទៅទ្រោប​ពី​លើទាំងឱប​គាត់​ហើយ​និយាយថា៖ ​«កុំបារម្ភឡើយព្រោះគាត់​នៅ​មានជីវិតទេ 11រួចក៏ឡើង​ទៅ​លើវិញ​ពេល​ធ្វើ​ពិធី​កាច់នំប៉័ងនិងបរិភោគ​រួច​ហើយ​គាត់​ក៏សំណេះសំណាលយ៉ាងយូររហូតដល់ភ្លឺទើប​គាត់​ចេញដំណើរ 12ហើយពួកគេ​ក៏​នាំយុវជន​ដែល​មានជីវិត​នោះ​ទៅ​វិញទាំង​ទទួល​បាន​ការកម្សាន្ដចិត្ដជាខ្លាំង 13យើងបាន​ជិះសំពៅទៅ​ក្រុង​អាសុសមុន​ដើម្បី​ទទួល​លោក​ប៉ូលនៅទីនោះ​ដ្បិត​គាត់​បាន​ផ្ដាំ​ដូច្នេះព្រោះគាត់​មាន​បំណងធ្វើ​ដំណើរ​តាម​ផ្លូវ​គោក 14ពេលគាត់​បាន​ជួបយើងនៅ​ក្រុង​អាសុស​យើង​ក៏​ទទួលគាត់ចុះ​សំពៅ​ទៅ​ក្រុង​មីទូលេន 15នៅថ្ងៃបន្ទាប់​យើង​ក៏​ជិះសំពៅពីទីនោះទៅដល់មុខ​កោះ​ឃីយ៉ូស​ថ្ងៃ​បន្ទាប់ទៀត​យើង​ក៏ឆ្លង​មក​ដល់​កោះ​សាម៉ុសហើយ​ថ្ងៃ​បន្ទាប់​មក​ទៀត​យើង​បាន​មកដល់​ក្រុង​មីលេត 16ពេលនោះលោក​ប៉ូលសម្រេចចិត្ដធ្វើ​ដំណើរ​បង្ហួស​ក្រុង​អេភេសូរដើម្បីកុំឲ្យគាត់ចំណាយពេលនៅ​ស្រុក​អាស៊ី​យូរ​ព្រោះ​គាត់​ប្រញាប់ទៅដល់​ក្រុង​យេរូសាឡិម​ឲ្យ​ទាន់​ថ្ងៃបុណ្យថ្ងៃទីហាសិបបើសិនជាអាច 17ប៉ុន្ដែគាត់​បាន​ចាត់​គេ​ពី​ក្រុង​មីលេតទៅអញ្ជើញ​ក្រុម​ចាស់ទុំ​នៃ​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូរ​ឲ្យ​មក​ជួប​គាត់។ 18កាលពួកគេ​មកជួបគាត់ហើយគាត់ក៏​ប្រាប់​ពួកគេថា៖ ​«អ្នករាល់គ្នាដឹង​ស្រាប់​ហើយ​ពីរបៀប​ដែល​ខ្ញុំ​បាន​នៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលាតាំងពីថ្ងៃដំបូងដែល​ខ្ញុំ​បាន​ចូលមក​ស្រុក​អាស៊ី 19គឺខ្ញុំ​បានបម្រើព្រះអម្ចាស់ដោយការបន្ទាបខ្លួន​ដោយ​ទឹកភ្នែកនិង​ដោយ​សេចក្ដីវេទនាគ្រប់បែបយ៉ាង​ដែល​កើតមាន​ចំពោះ​ខ្ញុំដោយសារបំណងអាក្រក់​របស់​ជនជាតិ​យូដា 20ហើយខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នាមិន​ដែល​លាក់លៀមឡើយ​អំពី​អ្វីដែលមានប្រយោជន៍​ដល់​អ្នករាល់គ្នា​គឺ​បាន​បង្រៀន​ដល់​អ្នករាល់គ្នា​នៅ​តាម​ទីសាធារណៈនិងពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ 21ទាំងធ្វើបន្ទាល់ប្រាប់​ជនជាតិ​យូដានិង​ជនជាតិ​ក្រេក​អំពី​ការប្រែចិត្តមកឯព្រះជាម្ចាស់និង​អំពី​ជំនឿលើព្រះអម្ចាស់យេស៊ូ​នៃ​យើង 22ឥឡូវនេះមើល៍​ព្រះ​វិញ្ញាណ​បាន​ជំរុញខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ហើយ​ខ្ញុំ​មិនដឹង​ជា​មាន​រឿងអ្វីកើតឡើង​ចំពោះ​ខ្ញុំនៅទីនោះទេ 23ខ្ញុំគ្រាន់តែ​ដឹង​ថា​ព្រះ​វិញ្ញាណបរិសុទ្ធ​បាន​ធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ក្រុងថា​មាន​ចំណងនិងទុក្ខលំបាក​កំពុង​រង់ចាំខ្ញុំ 24ប៉ុន្ដែខ្ញុំ​មិនចាត់ទុកថាជីវិត​របស់​ខ្ញុំ​មានតម្លៃសម្រាប់ខ្ញុំទេឲ្យ​តែ​មុខងារនិងកិច្ចការដែល​ខ្ញុំ​បានទទួលពីព្រះអម្ចាស់យេស៊ូ​ដែល​ឲ្យ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ដំណឹងល្អ​នៃ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​បាន​សម្រេច​ចុះ។ 25ពេលនេះខ្ញុំដឹងថាអ្នករាល់គ្នា​នឹង​លែងឃើញមុខខ្ញុំ​ដែល​បាន​ប្រកាសប្រាប់​អំពី​នគរព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នាទៀត​ហើយ 26ដូច្នេះខ្ញុំ​ធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថាខ្ញុំគ្មាន​ទោស​ចំពោះឈាម​របស់​មនុស្ស​ទាំងអស់ទេ 27ព្រោះខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា​អំពី​បំណងទាំងអស់​របស់​ព្រះជាម្ចាស់​ដោយ​មិនលាក់លៀមឡើយ 28ចូរអ្នករាល់គ្នា​រក្សាខ្លួននិងហ្វូង​ចៀម​ទាំងអស់ដែល​ព្រះ​វិញ្ញាណបរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នករាល់គ្នាមើលខុសត្រូវ​ដើម្បី​ថែទាំក្រុមជំនុំ​របស់​ព្រះជាម្ចាស់ដែល​ព្រះអង្គ​បាន​ទិញដោយឈាមរបស់​ព្រះអង្គ​ផ្ទាល់ 29ខ្ញុំដឹងថាក្រោយពេលខ្ញុំចេញទៅឆ្កែព្រៃដ៏សាហាវ​នឹង​ចូលមកក្នុងចំណោមអ្នករាល់គ្នា​ដោយ​មិនប្រណី​ដល់​ហ្វូង​ចៀម​ឡើយ 30ហើយនៅក្នុងចំណោមអ្នករាល់គ្នាក៏​នឹង​មានមនុស្សនិយាយបង្ខូចគ្នាឯង​ដែរ​ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​ទៅតាមពួកគេ 31ដូច្នេះចូរ​ប្រុងស្មារតី​ដោយ​នឹកចាំថា​អស់​រយៈពេល​បីឆ្នាំ​ខ្ញុំ​បាន​ដាស់តឿនអ្នករាល់គ្នាឥតឈប់ឈរ​ទាំង​យប់ទាំងថ្ងៃដោយ​បង្ហូរ​ទឹកភ្នែក 32ឥឡូវនេះខ្ញុំ​សូម​ប្រគល់អ្នករាល់គ្នា​ដល់​ព្រះជាម្ចាស់និង​ព្រះ​បន្ទូលនៃ​ព្រះ​គុណ​របស់​ព្រះអង្គដែលអាចស្អាងនិងប្រទានមរតក​ដល់​អ្នក​ទាំងអស់គ្នាជាមួយ​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ 33ខ្ញុំមិន​ដែល​លោភ​ចង់​បានមាសប្រាក់សម្លៀកបំពាក់​របស់​អ្នកណាឡើយ 34អ្នករាល់គ្នាផ្ទាល់​ក៏​បាន​ដឹង​ហើយ​ថា​ខ្ញុំ​បាន​ធ្វើការ​ដោយ​ដៃ​ទាំងពីរ​នេះដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំព្រមទាំង​អស់​អ្នកនៅជាមួយខ្ញុំ 35ខ្ញុំបាន​បង្ហាញអ្នករាល់គ្នាសព្វគ្រប់​ហើយ​ថា​អ្នករាល់គ្នា​ត្រូវខំធ្វើការដូច្នេះដែរ​ដើម្បី​ជួយអ្នកទន់ខ្សោយព្រមទាំងនឹកចាំ​ពី​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់យេស៊ូដែលព្រះអង្គ​បាន​មានបន្ទូលថា​ការ​ដែល​ឲ្យមានពរច្រើនជាង​ការ​ដែល​ទទួល»។ 36ពេលលោក​ប៉ូល​និយាយ​សេចក្ដី​ទាំងនេះ​រួច​ហើយ​គាត់​ក៏លុតជង្គង់អធិស្ឋានជាមួយ​ពួកគេ​ទាំងអស់គ្នា 37ហើយពួកគេ​គ្រប់គ្នាបានយំយ៉ាងខ្លាំងទាំងឱបថើបគាត់ 38ដោយព្រួយចិត្តចំពោះពាក្យដែល​គាត់​និយាយថា​ពួកគេ​នឹងលែងឃើញមុខគាត់ទៀត​ហើយ​រួច​ពួកគេ​ក៏ជូន​ដំណើរ​គាត់ទៅដល់សំពៅ
Copyright information for KhmKCB